ឆ្នាំ២០១៣ គឺជារដូវកាលមួយដែលអតីតខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី ចាត់ទុកជាពេលវេលាដ៏ជោគជ័យបំផុតក្នុងអាជីពបាល់ទាត់របស់ខ្លួនដែលកាលណោះ គេបានរួមចំណែកជួយក្លិបស្វាយរៀង (បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង) ឈ្នះជើងឯក Metfone Cambodian League លើកដំបូង។ 

មិនតែប៉ុណ្ណោះនាពេលនោះដែរ អតីតកីឡាករមានប្រភពពីខេត្តកំពង់ចាមក៏ច្បាមបានពានរង្វាន់កីឡាករល្អប្រចាំ MCL និងស្បែកជើងមាស មុនផ្លាស់ទៅចូលរួមជាមួយបឹងកេតដែលជាក្លិបគេទាត់បញ្ចូលទីគ្រាប់ជ័យជម្នះក្នុងវគ្គផ្ដាច់ព្រ័ត្រលីគឆ្នាំ២០១៣នោះតែម្ដង។

 

ឃួន ឡាបូរ៉ាវី រៀបរាប់ “៖ឆ្នាំជោគជ័យជាងគេគឺឆ្នាំ២០១៣។ កាលហ្នុងជារដូវកាលចុងក្រោយនៅស្វាយរៀងដែលទទួលបានទាំងពានលីគ ទាំងកីឡាករល្អ និង Top Scorer។ ជាឆ្នាំមួយដែលយើងចងចាំ ព្រោះកាលហ្នុងយើងមានកីឡាករបរទេសតែម្នាក់។ នៅវគ្គផ្ដាច់ព្រ័ត្រយើងប៉ះបឹងកេតដែលជាក្រុមខ្លាំងថែមទៀត។”

អតីតកីឡាករមានប្រភពពីខេត្តកំពង់ចាមបានចំណាយពេល៦រដូវកាលនៅព្រះខ័នរាជស្វាយរៀងពីចន្លោះឆ្នាំ២០០៨ ដល់២០១៣ ហើយរួមចំណែកឈ្នះ MCL ២០១៣, ពានសម្ដេចតេជោ ហ៊ុន សែន ២០១១ និង២០១២។ 

អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជាកាន់វិញ្ញាបនបត្រគ្រូកម្រិត C ធ្លាប់ចំណាយពេលមួយរយៈខ្លីនៅក្លិប Surat Thani ប្រទេសថៃ បានប្រកាសចូលនិវត្តន៍នៅដំណាច់រដូវកាល២០១៩៕

អត្ថបទ៖ CNCC

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ